ដឹងទេថា ភាសាណាមានវ័យចំណាស់ជាងគេលើលោក ហើយនៅប្រើប្រាស់ដល់បច្ចុប្បន្ន?

រាល់ថ្ងៃអ្នកមានភាសាកំណើតផ្ទាល់ខ្លួន និងរៀនភាសាបរទេសផ្សេងទៀត ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ដែរទេថា ភាសាណាដែលមានវ័យចំណាស់ជាងគេលើពិភពលោក ហើយនៅតែមានមនុស្សប្រើប្រាស់ និងនិយាយមកដល់បច្ចុប្បន្ន? ចម្លើយគឺមានការលំបាកព្រោះថា ប្រភពនៃភាសាជាច្រើនបានបាត់បង់តាមពេលវេលា និងមានការវិវត្តន៍ប្រែប្រួលឥតឈប់ឈរ ហើយគេពិបាកនឹងនិយាយថាភាសាណាចាស់ជាងគេ។ យ៉ាងណាក៏ដោយ អ្នកអាចមើលភាសាទាំង១០ខាងក្រោមនេះ ដែលអាចចាត់ទុកថាជាភាសាមានវ័យចំណាស់ជាងគេ ហើយបន្តប្រើប្រាស់ដល់បច្ចុប្បន្ន។

ភាសា Hebrew

ភាសានេះមានអាយុកាលជាង ៣០០០ឆ្នាំ ហើយប្រើប្រាស់ច្រើនជាងគេនៅប្រទេសអ៊ីស្រាអែល។ នៅទូទាំងពិភពលោកមានអ្នកនិយាយភាសានេះជាង៩លាននាក់ ដែលក្នុងនោះ៥លាននាក់នៅអ៊ីស្រាអែល។ ភាសានេះធ្លាប់ស្លាប់ម្តងកាលពីប្រហែលឆ្នាំ៤០០មុនគ.ស ដោយសារមានតែការរៀន ប៉ុន្តែមិននិយាយឬប្រើប្រាស់ប្រចាំថ្ងៃ។ ក្រោយមកនៅចុងស.វទី១៩ ភាសានេះបានរស់ឡើងវិញដោយសារពួក Jews ដែលត្រឡប់មកប្រទេសអ៊ីស្រាអែល ហើយប្រើភាសានេះ។

ភាសា Tamil

ភាសានេះមានអាយុកាលជាង ២,២០០ឆ្នាំ និងមានគេនិយាយច្រើននៅប្រទេសឥណ្ឌា ប្រទេសស្រីលង្កា ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី។ ក្នុងនោះមានអ្នកនិយាយជាភាសាដើមចំនួន៧០លាននាក់។

ភាសា Persian

ភាសានេះមានអាយុកាលយ៉ាងហោចណាស់តាំងពីសម័យអាណាចក្រ Achaemenid ពីឆ្នាំ៦០០មុនគ.ស ដល់៣០០មុនគ.ស។ ភាសានេះមាននិយាយនៅប្រទេសអ៊ីរ៉ងដែលគេស្គាល់ថា ភាសាFarsi ។ វាក៏មានដែរនៅប្រទេសអាហ្វហ្គានីស្ថានហៅថា Dari និងនៅប្រទេស Tajikistan និងប្រទេស Uzbekistan ហៅថា Tajik។ មានអ្នកនិយាយភាសានេះប្រហែល៤៥ទៅ៦០លាននាក់។

ភាសា Lithuanian

អក្សរភាសានេះដំបូងគឺនៅប្រហែលស.វទី១៦ និងជាភាសាមួយស្ថិតក្នុងអំបូរភាសាឥណ្ឌូអឺរ៉ុប។ ភាសានេះមាននិយាយនៅប្រទេស Lithuania ដោយមានអ្នកនិយាយប្រហែល៣លាននាក់។

ភាសាចិន

អក្សរចិនដំបូងបំផុតគឺមានអាយុកាលពី១២៥០ឆ្នាំមុនគ.ស ។ ភាសានេះមាននិយាយនៅក្នុងប្រទេសចិន ប្រទេសតៃវ៉ាន់ និងសិង្ហបុរី ដោយមានអ្នកនិយាយប្រហែល១.២ពាន់លាននាក់។

ភាសា Basque

ភាសានេះមានអាយុកាលមុនពេលពួកឥណ្ឌូអឺរ៉ុបមកដល់ទ្វីបអឺរ៉ុប ហើយវាមាននិយាយនៅប្រទេសអេស្ប៉ាញ និងបារំាងដោយមានអ្នកនិយាយចំនួនពី ៥៥,០០០ ទៅ ៧២០,០០០នាក់។

ភាសា Arabic

ភាសានេះមានអាយុកាល ៩០០ឆ្នាំមុនគ.ស មាននិយាយនៅ២២រដ្ឋនៃប្រជាជាតិអារ៉ាប់ និងផ្នែកខ្លះនៃអាស៊ី អាហ្រ្វិក និងអឺរ៉ុប ដោយមានចំនួនអ្នកនិយាយ២៩០លាននាក់។

ភាសា Irish

ភាសានេះមានអាយុកាលពីស.វទី៣ ឬទី៤ នៃគ.ស ដោយមាននិយាយនៅប្រទេសអៀឡង់ និងមានអ្នកនិយាយចំនួនជាង១លាននាក់។

ភាសាក្រិក

អក្សរភាសានេះដំបូងមានអាយុកាលប្រហែល ១៤៥០ ទៅ១៣៥០ឆ្នាំមុនគ.ស។ ភាសានេះភាគច្រើនមាននិយាយនៅប្រទេសក្រិក ប្រទេស Cyprus ប្រទេសអ៊ីតាលី ប្រទេសAlbania និងប្រទេសទួរគី ដោយមានអ្នកនិយាយប្រហែល១៣លាននាក់។

ភាសា​ Aramic

ភាសានេះមានអាយុកាលយ៉ាងហោចណាស់ ៣០០០ឆ្នាំ និងត្រូវបាននិយាយដោយក្រុមតូចៗរស់នៅក្នុងប្រទេសអ៊ីរ៉ាក់ ប្រទេសទួរគី ប្រទេសអ៊ីរ៉ង់ ប្រទេសArmenia, Georgia និងស៊ីរី ។ មានអ្នកនិយាយភាសានេះប្រហែល ៩០៧,០០០។

ប្រភព៖ K-International